Thursday, May 8, 2014

យុត្តិសាស្រ្តថ្មីសម្រាប់ SEA GAME 28 ក្នុងប្រទេសSingapore

រៀបចំយុទ្ធសាស្ដ្រថ្មី ដណ្ដើម​មេដាយ SEA Games លើកទី​២៨ ក្រោយ​ដកកីឡា​២​ប្រភេទ

ភ្នំពេញៈ ក្រោយកិច្ចប្រជុំក្រុមក្រឹប្សា កីឡាអាស៊ីកាលពី ពេលថ្មីៗនេះ បានសម្រេចជ្រើសរើសយក កីឡាចំនួន ៣៦ប្រភេទ សម្រាប់ដាក់ឲ្យធ្វើការ ប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី ២៨​នៅប្រទេសសិង្ហបុរី ខណៈដកកីឡាដ៏មាន សក្ដានុពលរបស់កម្ពុជា ចំនួន ២ប្រភេទនោះ(ចំបាប់ និង​វូវីណាម) ថ្នាក់ដឹកនាំកីឡាកម្ពុជា បានរៀបចំ កិច្ចប្រជុំភ្លាមៗ ដើម្បី រៀបចំយុទ្ធសាស្រ្ដថ្មី ក្នុងការ​ដណ្ដើម​មេដាយ ឲ្យបានច្រើនពី ព្រឹត្តិការណ៍នេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា “ព្រឹត្ដិ​ការណ៍កីឡា SEA Games លើកទី២៨ ដែលនឹងប្រព្រឹត្ត នៅលើទឹកដីសិង្ហបុរី នាឆ្នាំ២០១៥​ខាងមុខ​នេះ គឺមានការព្រួយបារម្ភ យ៉ាងខ្លាំង បន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាកីឡា SEA Games មិនបាន​ដាក់កីឡាចំបាប់ និងកីឡាវ៉ូវីណាម ដែលជាប្រភេទកីឡាធ្លាប់ ដណ្ដើមបាន មេដាយច្រើនឲ្យកម្ពុជា ជាពិសេសគឺការប្រកួតកីឡា SEA Games លើកទី២៧នៅមីយ៉ាន់ម៉ាកន្លងមកនេះ ប្រភេទកីឡា​ទាំងពីរ​នេះ បានដណ្ដើមមេដាយ ១០គ្រឿងម្នាក់ឲ្យកម្ពុជា ក្នុងនោះ ចំបាប់ រកបានមេដាយមាស៤ ប្រាក់២ និងសំរិទ្ធិ៤ រីឯកីឡាវ៉ូវីណាម រកបានមេដាយមាស២ ប្រាក់១ និងសំរិទ្ធិ៧” ។
អគ្គលេខាធិការរូបនេះ បានបន្ដថា “ដោយសារមានករណីបែបនេះ បានធ្វើឲ្យយើងមានការបារម្ភ នឹងការបាត់បង់មេដាយ របស់ខ្លួននៅឆ្នាំ២០១៥ ។ ដូច្នេះយើងត្រូវរៀបចំ យុទ្ធសាស្ដ្រថ្មីៗចំនួន៤ ដើម្បី​ជួយឲ្យកម្ពុជា រក្សានូវមេដាយចាស់ ឬក៏ ដណ្ដើមឲ្យបានកាន់តែ ច្រើនជាងឆ្នាំមុនៗ” ។
យុទ្ធសាស្រ្ដ​សំខាន់ៗទាំង៤ ដែលលោក វ៉ាត់ ចំរើន ថ្លែងឲ្យដឹងកាលពីថ្ងៃទី០៧ ខែឧសភាម្សិលមិញ​នេះ មានដូចជា ទី១: ពង្រឹងសមត្ថភាពកីឡា ២ប្រភេទ រួមមានកីឡា ប៉េតង់ និងកីឡាតេក្វាន់ដូ ដែលទើបដណ្ដើមបានមេដាយមាស ពីការប្រកួតកីឡា SEA Games លើកទី២៧នៅមីយ៉ាន់ម៉ា ។ ទី២: ស្វែងរកអត្តពលិកខ្មែរ នៅក្រៅប្រទេស ដែលមាន លក្ខណៈសម្បត្តិ និងកម្រិតបច្ចេកទេស ខ្ពស់ជាងកីឡាករក្នុងស្រុក ឬខ្ពស់អាចដណ្ដើម មេដាយឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ជាពិសេសកីឡា SEA Games តែម្ដង ។
ចំពោះយុទ្ធសាស្រ្ដទី៣: គឺពង្រឹងសមត្ថភាពផ្លូវកាយ និងសមត្ថភាពបច្ចេកទេស របស់អត្ដពលិកក្នុង ប្រភេទកីឡាផ្សេងៗ ទៀតដែលធ្លាប់រក មេដាយឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍អន្ដរជាតិ ផ្សេងៗ ក៏ដូចជា​ក្នុងព្រឹត្តិការណ៍ SEA Games ផងដែរ និងយុទ្ធសាស្ដ្រទី៤: ត្រូវបញ្ចូនអត្តពលិក របស់កម្ពុជាទៅ​ហ្វឹកហាត់ រយះពេលយូរចាប់ពី ៦-៨ខែ នៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព និងកម្រិតបច្ចេក​ទេស​ កីឡាករជាតិ ដូចជាទៅកាន់ ប្រទេសចិន ប្រទេសកូរ៉េ និងប្រទេសផ្សេងៗ ទៀត ។
សូមរំលឹកថា សម្រាប់កីឡាទាំង៣៦ប្រភេទ ដែលត្រូវមានវត្តមាន ក្នុងព្រឹត្តិការណ៍ SEA Games លើកទី២៨នេះ គឺមាន កីឡា ហែលទឹក អត្តពលកម្ម វាយសី ប្រដាល់ ប្រណាំងកង់ ជិះសេះ គុនដាវ បាល់ទាត់ វាយកូនគោល កាយសម្ព័ន្ធ យូដូ ប៉េតង់ បាល់ឱប សីប៉ាក់តាក្រ វាយកូនឃ្លីលើតុ ទូកប្រពៃណី ទ្រីយ៉ាត្លុង បាល់ទះ តេក្វាន់ដូ វាយកូនបាល់ វូស៊ូ បាញ់ធ្នូ បាល់បោះ ប៊ីយ៉ាស្នូឃ័រ ប៊ូលីង ទូកកានូ (Floorball) ហុកគី ណេតបាល់(Netball) រ៉ូវីង(Rowing) បាញ់កាំភ្លើង សូហ្វបាល់(Softball) បញ្ចសីឡា Squash និងកីឡាជិះស្គីលើទឹក(Water Ski) ៕

No comments:

Post a Comment